Partner im RedaktionsNetzwerk Deutschland
Página inicialPodcastsNoticias
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Podcast ទស្សនៈព្រឹត្តិការណ៍ពិភពលោក
Podcast ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Guardar

Episodios disponibles

5 de 23
  • ១០ឆ្នាំ​នៃការ​កាន់អំណាច លោក​ស៊ី ជីនពីង​​មិនត្រឹមតែ​​ពង្រឹង​កងទ័ពចិនទេ តែបាន​ធ្វើ​ឲ្យ​​ប្រទេសក្នុងតំបន់​​ធ្វើតាម
    លោក​ស៊ី ជីនពីង កំពុងតែឈានចូលកាន់អំណាច​ប្រធានាធិបតីចិន ក្នុងអាណត្តិទី៣។ អស់រយៈពេល​១០ឆ្នាំកន្លងមកនេះ ក្រោម​ការដឹកនាំ​របស់​លោកស៊ី ជីនពីង ចិនត្រូវបានគេមើលឃើញថា បានធ្វើ​ទំនើបកម្មកងទ័ព ជាមួយ​នឹងគ្រឿងសព្វាវុធយ៉ាងទំនើបអស្ចារ្យ ប្រកបដោយ​សមត្ថភាពប្រយុទ្ធយ៉ាងខ្លាំងក្លា។ លោកស៊ី ជីនពីង មិនមែនត្រឹមតែ​បានពង្រឹងកងទ័ពចិននោះទេ តែ​ទន្ទឹមគ្នានេះ ការរីកចម្រើនយ៉ាងលឿនរហ័សរបស់កងទ័ពចិន​នេះ បានធ្វើឲ្យប្រទេសផ្សេងៗទៀតក្នុងតំបន់ ខិតខំ​ប្រឹងប្រែង តាមឲ្យ​ទាន់ចិនផងដែរ។ ការប្រជែងគ្នា​ក្នុងវិស័យកងទ័ពគ្រឿងសព្វាវុធ រវាងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ​ មិនមែនជាចំណុច​វិជ្ជមាន​នោះទេ សម្រាប់ស្ថិរភាព និង​សន្តិភាព​តំបន់​។ ក្នុងរយៈពេល១០ឆ្នាំ ​លោក​ប្រធានាធិបតី​ ស៊ី ជីនពីង បាន​កែប្រែមុខមាត់កងទ័ពចិន ឲ្យ​ក្លាយ​ជាកងទ័ព​ដ៏ធំកម្លាំងខ្លាំង ជាមួយ​នឹង​កងទ័ពជើងទឹកធំជាងគេទូទាំងពិភពលោក រៀបចំរចនាសម្ព័ន្ធយោធាកងទ័ពអាជីព ព្រមទាំងបានបំពាក់គ្រឿងសព្វាវុធ បាលីស្ទិក និង នុយក្លេអ៊ែរ យ៉ាងទំនើប ធ្វើឲ្យ​សត្រូវភ័យញ័រមាត់។ ល្បឿនដ៏លឿនរហ័ស នៃការអភិវឌ្ឍន៍របស់កងទ័ពចិន បានរុញច្រានប្រទេសផ្សេងៗទៀតក្នុងតំបន់ ឲ្យខិតខំប្រឹងប្រែង​រត់តាម។ អាណត្តិទី​៣​របស់​​លោក​​ស៊ី ជីនពីងនេះ ប្រាកដ​ជានឹងក្លាយជាកំឡុងពេល នៃការប្រកួតប្រជែងគ្រឿងសព្វាវុធ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពិតប្រាកដណាស់។ ការទិញសព្វាវុធ បានឈានឡើងជាលំដាប់។ យោងតាម​វិទ្យាស្ថាន អន្តរជាតិសិក្សាយុទ្ធសាស្ត្រ ដែលមានទីតាំងនៅ​ទីក្រុង​ឡុងដ៍ ទំហំចំណាយ​លើ​វិស័យការពារជាតិនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ បានកើនឡើងលើសឆ្នាំមុន ចំនួន​១ពាន់លានដុល្លារ។ ក្នុងរវាងប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងចិន ហ្វីលីពីន វៀតណាម សុទ្ធតែបាន​បន្ថែម​ការចំណាយ លើវិស័យកងទ័ពរបស់គេរៀងៗខ្លួន។ កូរ៉េខាងត្បូង ឥណ្ឌា ប៉ាគីស្ថាន ឯណោះ​​ក៏ចំណាយ​មិនបង្អង់ដៃដែរ។ ជប៉ុនវិញ បានបន្ថែម​ទំហំថវិកាចំណាយ​ លើវិស័យកងទ័ពរបស់ខ្លួននៅឆ្នាំនេះ យ៉ាងច្រើនសន្ធឹក ដោយ​បានលើកឡើងថា ដោយសារតែបរិយាកាស​សន្តិសុខ កាន់តែហិង្សាទៅហិង្សាទៅ។ ជាការពិតណាស់ ប្រទេសធំៗនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បាន​ប្រតិកម្ម​យ៉ាងរហ័ស តាមតែអាចធ្វើទៅបាន​ នៅក្នុង​បន្ទាប់ពីបាន​សង្កេតឃើញ​ការ​ពង្រីកពង្រឹង ធ្វើទំនើបកម្មយ៉ាងរហស័ស នៃ​វិស័យការពារជាតិរបស់ចិន​។ នេះបើផ្អែកតាម​ការបញ្ជាក់របស់លោក Malcolm Davis អតី​មន្ត្រីក្រសួងការពារជាតិអូស្ត្រាលី ដែលបច្ចុប្បន្ន​ជាអ្នកជំនាញនៅវិទ្យាស្ថាន​យុទ្ធសាស្ត្រនយោបាយ​។ គួររំលឹកថា ជាយូរឆ្នាំមកហើយ កងទ័ពបដិវត្តរំដោះប្រជាជនចិន ត្រូវបាន​គេចាត់ទុកថា ជាកងទ័ពដែលមានតែ​ចំនួន​​តួលេខ។ រីឯសមត្ថភាព​កម្លាំង សព្វាវុធ ពុំមានប្រសិទ្ធភាព​ទេ ឬក៏ហួសសម័យ​។ អ្នកប្រវត្តិសាស្ត្រខ្លះ​ធ្លាប់បានដល់ទៅហ៊ានហៅកងទ័ពបដិវត្តរំដោះប្រជាជនចិន ថាជាសារមន្ទីរកងទ័ពដ៏ធំជាងគេ ក្នុងពិភពលោកថែមទៀតផង។​ កងទ័ពចិនពីមុន មានគ្រឿងសព្វាវុធចាស់ៗ សល់តាំងពីសម័យសហភាពសូវៀត។ អំពើពុករលួយ​ក្នុងជួរកងទ័ព ព្រមទាំងកម្លាំងពឹងទាំងស្រុង លើកងពលថ្មើរជើងទៀតនោះ មិនបានធ្វើ​ឲ្យកងទ័ពចិន​មាន​សមត្ថភាពឈ្នះគេឡើយ​ កាលពីមុន។ កាលពីក្នុងអំឡុងពេល​សង្គ្រាម​កូរ៉េ កងទ័ពចិនបាន​ស្លាប់​ទាហានចំនួនដល់ទៅ ៤សែននាក់ នេះបើផ្អែក​តាម​តួលេខ​របស់​ក្រុម​ប្រទេសលោកខាងលិច។ តែបើ​ផ្អែក​តាម​តួលេខចិន គឺ​មាន​ស្លាប់​តែប្រមាណ​១៨ម៉ឺននាក់។ នៅ​ឆ្នាំ​១៩៧៩ កងទ័ពចិន ក៏បានប៉ះដៃគ្នាជាមួយកងទ័ពវៀតណាមដែរ ទោះបីជា​ការប្រយុទ្ធមានរយៈពេលខ្លី តែចិន​មានស្លាប់​ទាហានច្រើននាក់។ នៅពេល​លោកស៊ី ជីនពីង បាន​ឡើងធ្វើជា​អគ្គមេបញ្ជាការកំពូលនៅឆ្នាំ​២០១៣ កងទ័ពចិនបានចាប់ផ្តើម​ធ្វើ​កំណែទម្រង់មួយចំនួនរួចទៅហើយ។ កំណែទម្រង់កងទ័ពចិន​ ត្រូវបាន​ចាប់ផ្តើមធ្វើ​នៅរវាងទសវត្ស​ឆ្នាំ៩០ ក្រោម​ការដឹកនាំរបស់​លោកប្រធានាធិបតី​ ជាំង ជឺមីង បន្ទាប់ពីលោក​បាន​ភ្លឺភ្នែក ឃើញសមត្ថភាពរបស់កងទ័ពអាមេរិក នៅក្នុងសង្គ្រាម​ឈូងសមុទ្រ ព្រមទាំងក្នុងវិបត្តិលើកទីបីទាក់ទិននឹងច្រកសមុទ្រ​តៃវ៉ាន់។ ក៏ប៉ុន្តែ យោងតាមលោក Alexander Neill គឺចាប់ពីអាណត្តិរបស់​លោកស៊ី ជីនពីង ដែល​​ការប្រឹងប្រែងរបស់ចិន ​​បាន​ហុចផលចេញជាសមត្ថភាពជាក់ស្តែង។​ ពេលលោក​ស៊ី ជីនពីងឡើងកាន់អំណាច កងទ័ពចិនទើបតែបានចាប់ផ្តើម ដាក់​ឲ្យ​ប្រើប្រាស់ វានា​ផ្ទុក​​យន្តហោះ​ចម្បាំង​ទី១​របស់​ខ្លួន ដែល​បាន​មកពី​អ៊ុយក្រែន និង​បាន​ចាប់ផ្តើម​ប្រើយន្តហោះចម្បាំង J-15 ម៉ូតក្លាយ​ចេញពី​យន្តហោះ Sukhoï របស់សូវៀត។ យោងតាម វិទ្យាស្ថាន​អន្តរជាតិសិក្សាសន្តិភាព នៅក្រុង​ស្តុកខូម រយៈពេល​២៧ឆ្នាំមកនេះ​ ទំហំទឹកប្រាក់ចំណាយ​របស់ចិន លើវិស័យកងទ័ព បានកើនឡើងជាលំដាប់។ អំណេះតទៅ ចិនមាន​នាវា​ផ្ទុកយន្តហោះចម្បាំង ចំនួន​២គ្រឿង ដែលកំពុងធ្វើ​ប្រតិបត្តិការ។ បន្ថែមពីនេះ ចិនមាន​មីស៊ីលបាលីស្ទិក ចម្ងាយមធ្យម​ និងចម្ងាយឆ្ងាយរាប់រយគ្រាប់ទៀត។ យន្តហោះចម្បាំង យន្តហោះប្រដេញ ចិនមានច្រើនពាន់គ្រឿង។ កម្លាំងទាហានកងទ័ពជើងទឹកវិញ ចិនមានច្រើនលើសសហរដ្ឋអាមេរិក។ លោក Karl Thomas មេបញ្ជាការម្នាក់នៃកងបញ្ជាការលេខ៧ របស់កងទ័ពជើងទឹកអាមេរិក ធ្លាប់បានប្រាប់បណ្តាញព័ត៌មានអាមេរិកថា ចិនមានកងទ័ពជើងទឹក ធំជាងគេបំផុត​លើលោក។ សមត្ថភាពនេះ អាចឲ្យចិនដាក់ពង្រាយ ឡោមព័ទ្ធកោះតៃវ៉ាន់ យ៉ាងងាយ ប្រសិនបើចិនចង់ធ្វើវាមែន។ គួរកត់​សំគាល់​ដែរថា ទន្ទឹមគ្នា​នេះ សមត្ថភាព​​សព្វាវុធនុយក្លេអ៊ែររបស់​ចិន ក៏បាន​កើនឡើងខ្លាំងផងដែរ។ យោងតាម​មន្ទីរបញ្ចកោណអាមេរិក ចិនអាចមានសមត្ថភាព​ប្រើនុយក្លេអ៊ែរ បាញ់ចេញទាំងពីលើ​គោក ពី​លើអាកាស និង​ពីក្នុង​ទឹក។ ព្រឹត្តិបត្រ័ Bulletin of Atomic Scientists បាន​ចុះផ្សាយថា ចិន​រាល់ថ្ងៃនេះ មានក្បាលគ្រាប់​នុយ​ក្លេ​អ៊ែរ​ ៣៥០គ្រាប់ ពោលគឺចំនួន​មួយគុណជា២ បើប្រៀបធៀបទៅកាលពីសម័យសង្គ្រាមត្រជាក់។ ហើយផ្អែកតាម​ បណ្ដាញចារកិច្ចអាមេរិក ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែររបស់ចិននេះ អាចនឹងកើនដល់៧០០គ្រាប់ នៅរវាង​​ឆ្នាំ​២០២៧។ រណ្តៅស្តុកទុក និងសម្រាប់បាញ់មីស៊ីល​នុយក្លេអ៊ែរ ជាច្រើនកន្លែង កំពុងត្រូវបាន​ចិន​សាងសង់បន្ថែម នៅ​​តំបន់​​ភាគពាយ័ព្យ។ ​ របាយការណ៍មួយ នៅឆ្នាំ​២០២១ ​របស់​ក្រសួងការពារជាតិអាមេរិក បាន​សរសេរថា គិតត្រឹមពេលនេះ មានតែចិន មួយគត់ ​ ដែលអាចមានសមត្ថភាព ​គួបផ្សំ​គ្នា​ច្រើន​​វិស័យ មាន​ទាំងវិស័យ​សេដ្ឋកិច្ច វិស័យការទូត  វិស័យកងទ័ព និង​គ្រឿងសម្ភារៈបច្ចេកវិទ្យាទំនើប អាចប្រជែងជាមួយអាមេរិកបាន​។ ការប្រជែង ដែលនឹងធ្វើ​ឲ្យ​រំជួយដល់ស្ថិរភាព និងការ​បើកចំហរ នៃ​ប្រព័ន្ធ​អន្តរជាតិ។ ប្រភពដដែលនេះអះអាងថា ប៉េកាំងកំពុងប្រឹងប្រែងព្យាយាម ផ្លាស់ប្តូរទ្រង់​ទ្រាយ​លក្ខណៈ នៃ​សណ្តាប់ធ្នាប់អន្តរជាតិ ដើម្បីធ្វើយ៉ាងណា ឲ្យ​វាដើរស្របជាមួយផលប្រយោជន៍ចិន ក៏ដូចជាគម្រូ​នៃ​​ប្រព័ន្ធ​អំណាចផ្តាច់ការ​របស់ខ្លួន។ គឺដោយ​ប្រមើលឃើញ​ទស្សនវិស័យនេះហើយ ដែល​ប្រទេសផ្សេងៗ​នៅក្នុងតំបន់​ កំពុងភិតភ័យ។ គម្រោងថ្មីៗជាច្រើន​ ដែល​គេបាន​អនុម័ត គឺមានទិសដៅ​យុទ្ធសាស្ត្រសំឡុត ត្រៀមលក្ខណៈវាយ​បកចិន​វិញ​។ កូរ៉េខាងត្បូង កំពុងប្រឹងប្រែង អភិវឌ្ឍន៍​សមត្ថភាព​វាយប្រហារ នៅក្នុងលំហសមុទ្រឆ្ងាយៗ។ អូស្ត្រាលីឯណោះ បានសម្រេចទិញនាវាមុជទឹកបាតសមុទ្រ ដើរដោយ​ថាមពល​នុយក្លេអ៊ែរ ដោយ​មានជំនួយពីអាមេរិក និងអង់គ្លេស​ នៅក្នុង​ក្របខណ្ឌសម្ព័ន្ធភាព AUKUS។ អូស្ត្រាលី ក៏កំពុងពិចារណា ទិញអាវុធអ៊ីពែរសូនិក មីស៊ីលបាលីស្ទីក ចម្ងាយ​កាន់តែឆ្ងាយ ព្រមទាំងចង់ទិញ​យន្ត​ហោះ​ចម្បាំង អាចបំបាំងខ្លួន គ្មាននរណាចាប់​បាន​ ងាយស្រួលវាយប្រហារគ្រប់ទីកន្លែង​​។ លោក Malcolm Davis​ បាន​លើកឡើងថា គម្រោង​ពង្រឹងវិស័យសព្វាវុធទាំងនេះ គឺជាសញ្ញាបញ្ជាក់ថា​ ប្រទេសទាំងនេះ យល់ដឹងកាន់តែច្បាស់ហើយ ថាចិនកំពុងតែពង្រីកវាតទី ឡោមព័ទ្ធតំបន់ទាំងមូល ទៅតាម​ចំណង់របស់ចិន​។ ជំនាន់​ដែលកងទ័ពជើងទឹកអាមេរិក គ្រប់គ្រងដែនសមុទ្រប៉ាស៊ីហ្វិកខាងលិច​ ត្រូវបាន​បិទបញ្ចប់ហើយ​។ សម្ព័ន្ធភាព AUKUS គ្មាន​ថ្ងៃអាចប្រសូត្របានទេ ប្រសិនបើគ្មាន​លោក ស៊ី ជីនពីងនោះ។ អតីតមន្ត្រីក្រសួងការ​ពារជាតិអូស្ត្រាលីរូបនេះ បានបន្ថែមទៀត​ថា គេ​អាចនិយាយម្យ៉ាងទៀតថា “គឺលោកស៊ី ជីនពីង ដែលបាន​ផ្តល់​អំណោយ ផ្តល់ឱកាស​​​​ មកឲ្យ​យើងទាំងអស់គ្នា”៕
    10/4/2022
    7:30
  • ក្រោមសំណើរបស់អាមេរិក អ៊ីស្រាអែល និងលីបង់កំពុងឈានទៅបញ្ចប់ជម្លោះព្រំដែនទឹក?
    នៅ​ថ្ងៃ​អាទិត្យ ទី៣ តុលា នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​យ៉ាអៀរ ឡាពីដ​បាន​សាទរ​លើ​សំណើ​របស់​អាមេរិក​ក្នុង​ការ​ដោះស្រាយ​រឿង​ជម្លោះ​ព្រំដែនទឹក​រវាង​អ៊ីស្រាអែល និង​លីបង់។ សំណើ​របស់​អាមេរិក​ដដែល​នេះ​ក៏​ត្រូវ​បាន​អាមេរិក​បញ្ជូន​ទៅ​ឲ្យ​លីបង់​ពិនិត្យ​មើល​ដែរ។ គួរ​រម្លឹក​ថា ជម្លោះ​ដែនទឹក​មួយ​នេះ​ត្រូវ​បាន​ប្រទេស​ជិតខាង​ទាំង​ពីរ​អ៊ីស្រាអែល និង​លីបង់​ចាប់​ផ្តើម​ចរចា​តាំង​ពី​ជាង ២ឆ្នាំ​ដោយ​មាន​អាមេរិក​ធ្វើ​ជា​អាជ្ញាកណ្តាល។ ក្រៅ​ពី​ព្រំដែនទឹក អ៊ីស្រាអែល និង​លីបង់​ក៏​មាន​ជម្លោះ​ព្រំដែន​គោក​រវាង​គ្នា​ដែរ។ តើ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​មាន​ដំណើរ​ដើម​ទម​យ៉ាង​ម៉េច​ខ្លះ និង​ថា ហេតុ​អ្វី​បាន​ជា​ដំណោះស្រាយ​ព្រំដែន​ទឹក​ជា​រឿង​សំខាន់​សម្រាប់​ប្រទេស​ទាំង​ពីរ?។ មិន​ថា​ព្រំដែនទឹក ឬ​ព្រំដែន​គោក មិន​ថា​រវាង​អ៊ីស្រាអែល និង​លីបង់ ឬ​មួយ​រវាង​ប្រទេស​ណា​ផ្សេង​ទេ រឿង​ទឹកដី​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​ដោយ​គ្មាន​នរណា​ម្នាក់​ចង់​បាត់បង់​ឡើយ​សូម្បី​តែ​មួយ​ចង្អាម ហើយ​ពេល​ខ្លះ រឿង​ទឹកដី​នេះ​បាន​រុញ​ប្រទេស​ជម្លោះ​ឲ្យ​ធ្លាក់​ក្នុង​សង្រ្គាម​នឹង​គ្នា​ផង​ក៏​មាន។ រវាង​អ៊ីស្រាអែល និង​លីបង់ ជម្លោះ​ទឹកដី​មាន​ទាំង​ព្រំដែនគោក និង​ព្រំដែនទឹក។ ជម្លោះ​ព្រំដែនទឹក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផ្ទៃទឹក​ទំហំ ៨៦០គីឡូម៉ែត្រក្រឡា​នៅ​ក្នុង​សមុទ្រមេឌីទែររ៉ាណេខាងកើត ហើយ​ជម្លោះព្រំដែនគោក​មាន​ជាប់ពាក់ព័ន្ធ​នឹង​ខ្សែព្រំដែន​ដែល​គេ​ហៅ​ថា « ខ្សែខៀវ »។ ខ្សែព្រំដែន « ខ្សែខៀវ » នេះ​ត្រូវ​បាន​គូសវាស​ដោយ​អង្គការសហប្រជាជាតិ​នៅ​ក្រោយ​អ៊ីស្រាអែល​ដក​ទ័ព​ចេញ​ពី​លីបង់​ក្នុង​ឆ្នាំ ២០០០។ តាំង​ពី​ដំបូង លីបង់ និង​អ៊ីស្រាអែល​មិន​ចង់​លើក​យក​ជម្លោះ​ព្រំដែនទឹក និង​ព្រំដែនគោក​ទៅ​ចរចា​ក្នុង​ពេល​តែ​មួយ​ទេ ឬ​និយាយ​ឲ្យ​ស្រួល​យល់ គេ​ត្រូវ​ចរចា​រឿង​ទាំង​ពីរ​ដាច់​ពី​គ្នា ហើយ​ជម្លោះ​អាទិភាព​ដែល​ត្រូវ​លើក​ទៅ​ចរចា​មុន​គេ គឺ​ជម្លោះ​ព្រំដែនទឹក​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផ្ទៃទឹកសមុទ្រ​ទំហំ ៨៦០គីឡូម៉ែត្រក្រឡា និង​ដែល​មក​ទល់​សព្វថ្ងៃ ភាគី​នីមួយៗ​បន្ត​ទាមទារ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ខ្លួន។ ហេតុអ្វី​បាន​ជា​ជម្លោះ​ព្រំដែនទឹក​មួយ​ដុំ​នេះ​ជា​រឿង​សំខាន់​សម្រាប់​ភាគី​ជម្លោះ​ទាំង​ពីរ?។ ចម្លើយ គឺ​មក​ពី​នៅ​ក្រោម​បាតសមុទ្រ​ក្នុង​តំបន់​នោះ​ជា​ប្រភព​ឧស្ម័ន​ដ៏​សំខាន់។ មាន​ប្រភព​ឧស្ម័ន​ចំនួន​ពីរ​តំបន់​ដែល​អ៊ីស្រាអែល និង​លីបង់​បាន​ចរចា​គ្នា គឺ​តំបន់​ការីស្វ និង​តំបន់​កាណា។ តែ​គឺ​តំបន់​ការីស្វ​ដែល​ជា​ប្រភព​ចម្រូងចម្រាស​ខ្លាំង​ជាង​គេ ព្រោះ​ភាគី​ទាំង​ពីរ​យល់​ឃើញ​មិន​ដូច​គ្នា​ពី​ខ្សែព្រំដែន​ទឹក​នៅ​ក្នុង​តំបន់​ដែល​ខ័ណ្ឌ​ចែក​ប្រទេស​ទាំង​ពីរ។ ដល់​អ៊ីចឹង​ទៅ គ្មាន​ភាគី​ណា​មួយ​អាច​ធ្វើ​អាជីកម្ម​ឧស្ម័ន​នៅ​ក្នុង​តំបន់​នោះ​បាន​ទេ។ គួរ​បញ្ជាក់​ថា តាំង​ពី​ជាង ១០ឆ្នាំ​ដែល​អ៊ីស្រាអែល​បាន​ព្យាយាម​ស្វែង​រក​កិច្ចព្រមព្រៀង​មួយ​ជាមួយ​លីបង់។ តែ​គឺ​ទើប​តាំង​ពី​ជាង ២ឆ្នាំ​កន្លង​ទៅ​ដែល​ភាគី​ទាំង​ពីរ​បាន​ផ្តើម​ចរចា​គ្នា​ដោយ​មាន​អាមេរិក​ធ្វើ​ជា​អាជ្ញាកណ្តាល​ដឹក​នាំ​ដោយ​លោក Amos Hochstein។ ក្នុង​ថ្ងៃ​សៅរ៍ ទី១ តុលា​ថ្មីៗ​នេះ អន្តរការី​អាមេរិក​រូប​នេះ​បាន​បញ្ជូន​សំណើ​ដំណោះស្រាយ​ទៅ​ឲ្យ​អ៊ីស្រាអែល និង​លីបង់​ពិនិត្យ។ ក្នុង​ថ្ងៃ​អាទិត្យ ទី២ តុលា អ៊ីស្រាអែល​តាម​រយៈ​នាយករដ្ឋមន្រ្តី​លោក​យ៉ាអៀរ ឡាពីដ​បាន​សាទរ​លើ​សំណើ​របស់​លោក Amos Hochstein។ ចំណែក​លីបង់​តាម​រយៈ​ប្រធានាធិបតី​លោក​មីសែល អាអ៊ូន​បាន​ប្រកាស​ក្នុង​ថ្ងៃ​សៅរ៍ ទី១ តុលា​ពី​ការ​បាន​ទទួល​សំណើ​ដំណោះស្រាយ​របស់​លោក Amos Hochstein។ រីឯ​ប្រមុខ​ចលនា​ហេស្បូឡាលីបង់​លោក Hassan Nasrallah ក៏​បាន​សាទរ​ដោយ​បាន​ចាត់​ជា​ការ​បោះ​មួយ​ជំហាន​ដ៏​សំខាន់ និង​ថា​ចាប់​ពី​ពេល​នេះ​ទៅ គេ​មាន​សំណើ​ដំណោះស្រាយ​មួយ​ជា​លាយលក្ខអក្សរ។ គេ​មិន​ទាន់​ដឹង​ថា តើ​សំណើ​ដំណោះស្រាយ​របស់​អន្តរការី​អាមេរិក​លោក Amos Hochstein បាន​ចែង​ពី​អ្វី​ខ្លះ​ទេ។ ចំណែក​អ៊ីស្រាអែល និង​លីបង់​ក៏​មិន​បាន​ទម្លាយ​សំណើ​ដំណោះស្រាយ​នេះ​ដែរ។ តែ​បើ​យោង​តាម​កាសែតប្រចាំថ្ងៃ​លីបង់​ឈ្មោះ L’Orient-Le Jour សំណើ​ដំណោះស្រាយ​របស់​លោក Amos Hochstein បាន​ផ្តល់​តំបន់​ឧស្ម័ន​ការីស្វ​ដ៏​ចម្រូងចម្រាស​ទៅ​ឲ្យ​អ៊ីស្រាអែល​តែ​ម្នាក់​ឯង រួម​ទាំង​ឧស្ម័ន​មួយ​ភាគ​ស្ថិត​ក្នុង​តំបន់​កាណា។ ចំណែក​លីបង់​ទទួល​បាន​តំបន់​ឧស្ម័ន​កាណា​ទាំង​ស្រុង​តែ​ម្នាក់​ឯង នោះ​បើ​ទោះ​បី​ជា​ដែនទឹក​មួយ​ភាគ​ក្នុង​តំបន់​នេះ​បាន​ឆ្លង​ហួស​ខ្សែបន្ទាត់​ខ័ណ្ឌ​ចែក​ប្រទេស​ទាំង​ពីរ​នៅ​សមុទ្រ​មេឌីទែររ៉ាណេខាងកើត​ក៏​ដោយ។ សរុប​មក​វិញ ភាគី​ជម្លោះ​នីមួយៗ​ហាក់​ពេញ​ចិត្ត​នឹង​ដំណោះស្រាយ​ដែល​ស្នើ​ឡើង​ដោយ​អន្តរការី​អាមេរិក​លោក Amos Hochstein។ តែ​ដើម្បី​ឲ្យ​សំណើ​មួយ​នេះ​អាច​ចុះ​ហត្ថលេខា និង​ចូល​ជា​ផ្លូវការ​បាន ភាគី​នីមួយៗ​ត្រូវ​យក​សំណើ​នេះ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​អ្នកប្រឆាំង​ក្នុង​រដ្ឋាភិបាល​របស់​ខ្លួន និង​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន ពិសេស​ត្រូវ​ផ្ទៀងផ្ទាត់​ក្នុង​ផ្លូវច្បាប់។ តែ​បើ​តាម​មើល​ទៅ អ្វីៗ​ហាក់​លែង​ចោទ​ជា​បញ្ហា​ទៀត​ឡើយ ព្រោះ​ភាគី​នីមួយៗ​ហាក់​បាន​ឯកភាព​ជា​គោលការណ៍​រួច​ហើយ។ គេ​អាច​និយាយ​បាន​ថា កិច្ចព្រមព្រៀង​មួយ​ហាក់​ត្រូវ​បាន​រក​ឃើញ​សម្រាប់​ប្រទេស​ទាំង​ពីរ និង​ដែល​តាម​រយៈ​កិច្ចព្រមព្រៀង​មួយ​នេះ ភាគី​ជម្លោះ​ទាំង​ពីរ​ទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ដូច​គ្នា។ អ្វី​ដែល​អ៊ីស្រាអែល​កំពុង​សម្លឹង​ឃើញ គឺ​ការ​លក់​ឧស្ម័ន​របស់​ខ្លួន​ទៅ​ឲ្យ​សហភាពអឺរ៉ុប ខណៈ​ដែល​អឺរ៉ុប​កំពុង​ស្វែង​រក​ទិញ​ឧស្ម័ន​ពី​កន្លែង​ផ្សេង​ជំនួស​ឲ្យ​ឧស្ម័ន​រុស្ស៊ី។ សម្រាប់​លីបង់​វិញ ឧស្ម័ន​ជា​ប្រភព​ចំណូល​មួយ​យ៉ាង​សំខាន់​សម្រាប់​សេដ្ឋកិច្ច ខណៈ​ដែល​ប្រទេស​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ហៅ​មិន​ឮ​ស្រាប់៕
    10/3/2022
    4:57
  • រុស្ស៊ី​ទទួល​ស្គាល់​ថាមាន  "ការថ្លោះធ្លោយ” ក្នុងដំណើរការកេណ្ឌទ័ព
    អាជ្ញាធររុស្ស៊ី បានសន្យា កែ”កំហុស”ដែលប្រព្រឹត្ត ក្នុងក្របខ័ណ្ឌនៃកំណែនពួកយោធា ទៅ​បំពេញ​ជួរ​កងទ័ព ស្របនឹងក្រិត្យចេញដោយលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន។ កំហុសថ្លោះធ្លោយនេះ លេចចេញមក ក្រោយពី មានការកោះហៅឲ្យចូលបម្រើកងទ័ព គឺ ពលរដ្ឋណាដែល ត្រូវរួចខ្លួនពីករណីយកិច្ចនេះសោះ ម៉្លោះហើយ បានជានៅតាមបណ្តាញសង្គម លាន់ឮឡើងជាសម្រែកចងកំហឹង។ ដោយប្រកាសថ្ងៃពុធទី ២១ កញ្ញា អំពីកំណែន "តែមួយភាគ”ប៉ុណ្ណោះ ពីក្នុងចំណោម​យោធាបម្រុង ដើម្បីទៅកាន់សមរភូមិនៅអ៊ុយក្រែន លោកពូទីនបានគូសបញ្ជាក់ថា កំណែននេះ ប៉ះតែលើអ្នកណាដែលមានបទពិសោធន៍យោធា ឬ​ដែលមានសមត្ថភាពស្របនឹងតម្រូវការ។ ប៉ុន្តែករណីជាច្រើននៃពលរដ្ឋដែលកោះហៅនោះស្រាប់តែ ខ្លះហួសអាយុទៅហើយសម្រាប់ច្បាំង ខ្លះមាន​ជំងឺ ខ្លះត្រូវរួចខ្លួនពីកាកោះហៅបែបនេះ ទៅតាមមូលហេតុផ្សេងទៀត ទាល់តែរឿងនេះបង្កឲ្យផ្ទុះឡើងជា ប្រតិកម្មក្តៅក្រហាយ នៅតាមបណ្តាញសង្គម។ ហេតុដែលញ៉ាំងឲ្យអាជ្ញាធរធ្លាក់ក្នុងភាពទញ់តុះ និង ព្រួយបារម្ភ។ ក្នុងខេត្ត Volgograd ដែលស្ថិតនៅប៉ែកនីរតីសហព័ន្ធរុស្ស៊ី យោធាក្នុងវ័យ ៦៣ ឆ្នាំ ដែលចូលរ៉ឺត្រែតទៅ ហើយ និងថែមទាំងឈឺធ្ងន់រោគទឹកនោមផ្អែម ព្រមទាំងមានបញ្ហាខួរក្បាលទៅផង ត្រូវបានបញ្ជូនឲ្យត្រឡប់ ទៅផ្ទះវិញពី មជ្ឈមណ្ឌលហ្វឹកហាត់ ជាទីដែលរូបគាត់ បានទៅដល់ ទៅតាមការកោះហៅ -ដំណឹងនេះ បាន​ទម្លាយឲ្យដឹងដោយអាជ្ញាធរផ្ទាល់។   ក្នុងខេត្តនេះដដែល ចាងហ្វាងសាលារៀនមួយនៅជនបទ លោក Alexandre Faltine អាយុ ៥៨ ឆ្នាំ ស្រាប់ តែបានទទួលបទបញ្ជាកំណែន ខណៈដែលរូបគាត់ផ្ទាល់មិនធ្លាប់បម្រើក្នុងកងទ័ពឡើយ។ ក្រោយពីកូនស្រី គាត់ បានបង្ហោះវីដេអូតាមបណ្តាញសង្គមផ្សព្វផ្សាយរឿងនេះ ឪពុកនាង ក៏អាចត្រឡប់មកផ្ទះវិញ។   ដោយលើកឡើងអំពី ប្រព័ន្ធអំណាចដែលដំណើរការមិនរលូន ប្រធានព្រឹទ្ធសភាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko  បានស្តីបន្ទោសយ៉ាងគំរោះគំរើល អាជ្ញាធរនៅតាមខេត្ត ដែលមានភារៈត្រូវ ត្រួតពិនិត្យលើ បញ្ហានេះ។ ករណីខុសទាស់នៃកំណែន ញ៉ាំងឲ្យមានការពិភាក្សារស់រវើកក្នុងសង្គម និង នៅតាមបណ្តាញសង្គម” -លោកស្រី សំដែងការសោកស្តាយ ក្នុងសេចក្តីថ្លែងការណ៍ចុះផ្សាយលើ Telegram ។ គាត់លើកឡើងតមកទៀត ៖ តាមមើលទៅ អ្នកខ្លះយល់ថា ត្រូវបង្ហាញរបាយការណ៍ខ្លួនឲ្យបានឆាប់  គឺ សំខាន់ជាង បំពេញបេសកកម្មខ្លួនឲ្យបានត្រឹមត្រូវ និង មានប្រយោជន៍សម្រាប់រដ្ឋ ។ ការប្រព្រឹត្តខុសគន្លង បែបនេះ មិនអាចទទួលយកបានជាដាច់ខាត។ លោកស្រី ប្រធានព្រឹទ្ធសភា បានបញ្ជា ៖ ចូរអស់លោក បំពេញការងារខាងធ្វើកំណែនយោធាមួយភាគ ដោយគោរពទាំងស្រុងតាម រាល់តែលក្ខណវិនិច្ឆ័យដែលមានប្រកាស និងកុំប្រព្រឹត្តកំហុសណាមួយឡើយ! បំផ្លាញជំនឿទុកចិត្ត ការងាកចេញទាំងនេះពីបទដ្ឋាន ជាឧទាហរណ៍មួយថ្មីនៃ ភាពលំបាកខាងចាត់ចែង តាំងពី រុស្ស៊ីបានផ្តើម វាយលុកចូលអ៊ុយក្រែន ៧ ខែមុន។ ថ្ងៃសៅរ៍ទី ២៤ កញ្ញា ក្រសួងការពារជាតិរុស្ស៊ី បានប្រកាស អំពីការផ្លាស់ប្តូរក្នុងជាន់ថ្នាក់ខ្ពស់បំផុត ដោយ តែងតាំង ឧត្តសេនីយឯក Mikhail Mizintsev ឲ្យទទួលបន្ទុកខាង ធានាផ្នែកសម្ភារៈ-បច្ចេកទេស ដល់ កងទ័ព ជាបន្ទុកយ៉ា់ប់យ៉ឺន នៃ សេនាធិការដ្ឋានកងទ័ព។ សូម្បី បើអាជ្ញាធរបង្ហាញអំពីកំណែនពលរដ្ឋដែលត្រូវរួចខ្លួន ថាជាករណីលើកលែងក្តី ក៏សេចក្តីថ្លែងការណ៍ របស់គេ រំលេចឲ្យឃើញពីក្តីកង្វល់ នៅពីមុខប្រតិកម្មចងកំហឹង ពីខាងប្រជាពលរដ្ឋខ្លះ។ ថ្ងៃសៅរ៍នោះដែរ ប្រធាន ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅអមវិមានក្រេមឡាំង លោក Valeri Fadeyev បានតឿន លោករដ្ឋមន្ត្រីការពារជាតិ Serguei Shoigou ឲ្យ “ដោះស្រាយជាបន្ទាន់រាល់បញ្ហា” ដែលមានសង្កេត ឃើញ តាំងពីពេលចាប់ផ្តើមធ្វើកំណែនទ័ព គ្រាន់នឹងចៀសវាង “ការបាត់បង់ជំនឿទុកចិត្ត ពីសំណាក់ ប្រជាជន”។ លោក Fadeyev បានលើកជាឧទាហរណ៍ គឺ ឪពុកចំនួន ៧០ នាក់ នៃ គ្រួសារដែលមានកូនច្រើនក្នុងបន្ទុក ត្រូវបានកេណ្ឌ នៅសាធារណរដ្ឋរុស្ស៊ី Bouriatie ឯតំបន់ស៊ីបេរីខាងកើត ព្រមទាំង គិលានុបដ្ឋាយិកា និង ឆ្មប ដែលគ្មានបទពិសោធន៍យោធាសោះ នៅខេត្ត Sverdlovsk តំបន់ភ្នំ Oural កោះហៅ “ ដោយ សម្លុតថា គេនឹងត្រូវចូលខ្លួនទៅតុលាការ ប្រសិនបើហ៊ានប្រកែក។ លោកប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស ក៏បានទិតៀន អ្នកដែលបាន”យកបទបញ្ជាកំណែន ទៅប្រគល់ឲ្យ សាមីជន នៅម៉ោង ២ រំលងអធ្រាត្រ ហាក់បីចាត់ទុកគេគ្រប់គ្នា ថាចេះតែគេចមិនព្រមចូលបម្រើកងទ័ព។ នៅពីមុខស្ថានការណ៍នេះ អភិបាលខេត្ត Vladimir មិនឆ្ងាយពីរដ្ឋធានីម៉ូស្គូ និង ខេត្តLeningrad នៅប៉ែក ពាយ័ព្យ ប្រទេស នាំគ្នាសន្យាថា ពលរដ្ឋណាដែលកេណ្ឌដោយ”ភាន់ច្រឡំ” ត្រូវតែត្រឡប់ទៅផ្ទះវិញ។  ចៅហ្វាយខេត្ត Leningrad លោក Alexandre Drozdenko ថ្ងៃអាទិត្យទី ២៥ កញ្ញា បានសុំបណ្តា ចៅហ្វាយស្រុកនៃខេត្ត ឲ្យ”ក្តាប់ក្នុងដៃខ្លួនផ្ទាល់ រាល់ពាក្យប្តឹងតវ៉ា ពីអ្នកស្រុក និងឲ្យជាប់ដៃរវល់ដោយ ផ្ទាល់នឹង សំណុំរឿងនិមួយៗ”។ និស្សិតជាច្រើនក៏អះអាងថា ខ្លួនត្រូវបានកោះហៅ ប៉ុន្តែអាជ្ញាធរសន្យាថាពួកគេនឹង អនុញ្ញាតឲ្យរួចខ្លួនពី ករណីយកិច្ចនេះ។ ថ្ងៃសៅរ៍កន្លងទៅ លោកពូទីន បានចេញក្រិត្យ ដែលប្រមើល មិនកេណ្ឌឡើយ និស្សិតដែលសិក្សា នៅ  សាកលវិទ្យាល័យ ឫ នៅសាលាវិជ្ជជីវៈរបស់ រដ្ឋ។ ស្ថានការ​ណ៍មួយផ្សេង ដែលមិនជាប់ក្នុងវិវាទសោះ គឺ ទាក់ទងនឹងករណីពួកបាតុករប្រឆាំងសង្គ្រាមរុស្ស៊ី នៅ អ៊ុយក្រែន កាលដែលពួកគេបានទទួលទៅហើយ បទបញ្ជាកំណែន។ ត្រង់ចំណុចនេះ វិមានក្រេមឡាំង ចង្អុលឲ្យឃើញថា គ្មានអ្វីដែល ផ្ទុយនឹងច្បាប់ឡើយ៕
    9/30/2022
    6:10
  • ចិន-ជប៉ុន៖ ទំនាក់ទំនងនៅតែតានតឹង ៥០ឆ្នាំក្រោយភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នា
    នៅក្នុងសប្តាហ៍​នេះ ចិន និង​ជប៉ុន ប្រារព្ធខួប ៥០ឆ្នាំគត់ នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នាឡើងវិញ ក្រោយ​បញ្ចប់​សង្គ្រាមលោកលើកទី២។ ក៏ប៉ុន្តែ គេសង្កេតឃើញ​ថា ៥០ឆ្នាំក្រោយ​មក ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​ នៅតែ​ជួប​នឹង​បញ្ហា​តានតឹង​ជាប់​ជាប្រចាំ ហើយ​មាន​បញ្ហា​ជាច្រើន ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​ពិបាក​នឹង​មានទំនាក់ទំនង​ល្អ​នឹង​គ្នា ទាំង​បញ្ហា​ដែល​បន្សល់​ទុក​ពីអតីតកាល និង​ទាំង​បញ្ហា​ភូមិសាស្រ្ត​នយោបាយ​បច្ចុប្បន្ន។ ចិន និង​ជប៉ុន បាន​ភ្ជាប់ទំនាក់ទំនង​ការទូត​នឹងគ្នា​ឡើងវិញ តាមរយៈ​សេចក្តីប្រកាស​រួមចុះ​ថ្ងៃទី២៩កញ្ញា​ឆ្នាំ១៩៧២ បិទបញ្ចប់​ជាផ្លូវការ ភាព​ជា​គូសត្រូវ​នៃ​សម័យសង្គ្រាមលោកលើកទី២ ហើយ​ក៏​បិទបញ្ចប់​ផងដែរ ការទទួលស្គាល់​តៃវ៉ាន់​ដោយ​ជប៉ុន ហើយ​ងាក​មក​ទទួល​យក​គោលនយោបាយ “ចិនតែមួយ” វិញ គឺ​ទទួលស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​ជា​អំណាច​ស្របច្បាប់តែមួយគត់​របស់​ចិន។ ចាប់តាំង​ពីពេលនោះមក ទំនាក់ទំនង​ខាង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ បាន​ស្គាល់​នូវ​ការ​វិវឌ្ឍ​ជាវិជ្ជមាន​យ៉ាងលឿន​ទៅមុខ ហើយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ទាំងពីរ​សុទ្ធតែ​បាន​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ គឺ​ចិន​ជា​មហាអំណាច​លេខ២ ហើយ​ជប៉ុន​លេខ៣។ ក៏ប៉ុន្តែ បើ​ទំនាក់ទំនង​សេដ្ឋកិច្ច​បាន​ល្អប្រសើរ ​ទំនាក់ទំនង​ការទូត​វិញ គឺ​ជារឿងផ្សេង ដោយ​គេ​សង្កេតឃើញ​ថា ភាពតានតឹង​ការទូត រវាង​ប្រទេស​ទាំងពីរ តែងតែ​កើតមាន​ជាប់ជាប្រចាំ​ឥតដាច់ ហើយ​កត្តា​ចម្បងមួយ ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​ពិបាក​នឹង​មាន​ទំនាក់ទំនង​ល្អ​នឹងគ្នា គឺ​កត្តាប្រវត្តិសាស្ត្រ។ យើងដឹង​ថា ចាប់តាំង​ពីដើម រហូតដល់​កណ្តាល​សតវត្សរ៍ទី២០ ជប៉ុន​គឺ​ជា​ប្រទេស​មហាអំណាច​យោធា ដែល​វាតទី​ឈ្លានពាន​ប្រទេស​ជិតខាង​ក្នុង​តំបន់ ដោយ​នៅ​ក្នុងនោះ ចិន គឺជា​ប្រទេស​រងគ្រោះដ៏ធំមួយ ហើយ​ទង្វើ​ឃោរឃៅ​របស់​កងទ័ព​ជប៉ុន នៅ​ក្នុង​ប្រទេស​ចិន នៅ​ក្នុង​អំឡុង​ពេលនោះ ក៏​មាន​មិន​តិចនោះដែរ។ ស្នាមរបួស​ពីអតីតកាល​នេះ វាតែងតែ​តាម​លង​ទំនាក់ទំនង រវាង​ចិន និង​ជប៉ុន ជាពិសេស នៅពេលដែល​មាន​មេដឹកនាំ​ជប៉ុនទៅបួងសួង​នៅ​វិហារ​យ៉ាស៊ូគូនី ចិនតែងតែ​ប្រតិកម្ម​ដោយ​កំហឹង ដោយសារ​តែ​​ចិន​ចាត់ទុក​ការទៅបួងសួងនៅ​វិហារយ៉ាស៊ូគូនីនេះ​​ថា​ជាការបង្ហាញ​ពី​ការ​​គោរព និង​លើកតម្កើង​មេដឹកនាំយោធាជា​ឧក្រិដ្ឋជនសង្គ្រាម ហើយ​ជា​ការ​ប្រមាថ​ដល់​ជនរងគ្រោះ​ក្នុង​សម័យ​សង្គ្រាម។ ភាពជូរចត់​អតីតកាល​នេះ ក៏​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​ត្រូវ​សំឡឹង​មើល​គ្នា នៅ​ក្នុង​មន្ទិលសង្ស័យ​ទៅវិញទៅមក​ជាប់ជាប្រចាំផងដែរ ដោយ​​ពី​ខាង​ជប៉ុន នៅពេលដែលឃើញចិន​បង្កើន​សមត្ថភាពយោធា​កាន់តែខ្លាំង ជប៉ុន​បារម្ភ​ខ្លាច​​ថ្ងៃណាមួយ​ត្រូវក្លាយ​ជា​ចំណុចស៊ីប​នៃ​កម្លាំង​យោធា​របស់​ចិន ដើម្បី​ជាការ​សងសឹក​ទៅលើ​អ្វីដែល​ជប៉ុន​ធ្វើ​លើ​ចិន​កាល​ពីអតីតកាល។ ចំណែក​ពី​ខាង​ចិនវិញ នៅពេលដែល​ឃើញ​ជប៉ុន​ពង្រឹង​កម្លាំងទ័ព បង្កើន​ថវិកា​ការពារជាតិ ឬ​ចង់​កែប្រែរដ្ឋធម្មនុញ្ញ​សន្តិភាព​និយម ក៏​បារម្ភ​ខ្លាច​ជប៉ុន​វិលត្រឡប់​ទៅរក​នយោបាយ​វាតទី​និយម​ដូចកាល​ពី​មុនម្តងទៀត។ បន្ថែម​ពីលើ​ស្នាមរបួស​ពីអតីតកាល​នេះ កត្តាដ៏ចម្បងមួយទៀត ដែល​តែងតែ​ធ្វើ​ឲ្យ​​មាន​ភាព​តានតឹង នៅ​ក្នុង​ទំនាក់ទំនង រវាង​ចិន និង​ជប៉ុន​ គឺ​កត្តា​ភូមិសាស្រ្ត​នយោបាយ​ក្នុងពេល​បច្ចុប្បន្ន។ យើងដឹង​ថា បើ​និយាយ​ពី​ភូមិសាស្រ្ត​នយោបាយ​បច្ចុប្ប​ន្ន​នេះ គូប្រជែង​ដ៏ធំបំផុត​របស់​ចិន គឺ​សហរដ្ឋ​អាមេរិក ហើយ​​ជប៉ុន គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធបំផុត​របស់​អាមេរិក។ ជប៉ុន​ចុះ​កិច្ចព្រមព្រៀង​ការពារជាតិ​ជាមួយអាមេរិក ហើយ​ជប៉ុន​​អនុញ្ញាត​ឲ្យ​អាមេរិក​តាំង​មូលដ្ឋាន​ទ័ព នៅ​ក្នុង​ទឹកដី​របស់​ខ្លួន។ ជប៉ុន​ក៏​ជា​សមាជិក​ដ៏​សកម្ម​មួយផងដែរ នៅ​ក្នុង​បក្សសម្ព័ន្ធចតុភាគី ដែល​គេ​ស្គាល់​ថា “Quad”។ បក្សសម្ព័ន្ធដែល​ទើបនឹង​បង្កើត​ថ្មី រវាង​អាមេរិក ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី ហើយ​ដែល​គេ​មើលឃើញ​ថា ជា​បក្សសម្ព័ន្ធដែល​មាន​គោលដៅ​​ប្រឆាំងនឹង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់។ បន្ថែម​ពីលើ​នេះ​ទៅទៀត បច្ចុប្បន្ន​ភាព​ចំនួន​ពីរ ដែល​កំពុងតែ​ជា​សំណុំរឿង​ក្តៅ ហើយ​ដែល​កំពុង​ជា​បញ្ហ​ាប្រឈម​ដ៏​ចម្បងមួយ​ដែរ នៅ​ក្នុង​ទំនាក់ទំនង រវាង​ចិន និង​ជប៉ុន គឺ​សង្គ្រាម​អ៊ុយក្រែន និង​ភាពតានតឹង​ជុំវិញ​បញ្ហាតៃវ៉ាន់។ នៅក្នុងសង្គ្រាមអ៊ុយក្រែន ដែល​កំពុងបង្កើត​ជា​ការ​ប្រឈមមុខដាក់គ្នា​យ៉ាង​ក្តៅគគុក​មិន​ធ្លាប់មាន​ ចាប់តាំង​ពី​សង្គ្រាម​ត្រជាក់ រវាង​លោកខាងលិច និង​រុស្ស៊ី យើងឃើញ​ថា ចិន និង​ជប៉ុន កំពុង​ឈរ​នៅ​ម្ខាងម្នាក់ គឺ​ជប៉ុន ឈរ​នៅ​ជាមួយលោក​ខាងលិច ហើយ​ដែល​ត្រូវ​បាន​រុស្ស៊ី​រាប់បញ្ចូល​ថា​ជា​ប្រទេស​អមិត្ត ចំណែក​ចិន​វិញ ថ្វីដ្បិតតែ​មិន​គាំទ្រ​ការធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន ក៏ប៉ុន្តែ នៅតែ​បន្ត​គាំទ្រ​រុស្ស៊ី ដែល​កំពុង​ក្លាយ​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់​មួយ នៅ​ក្នុង​ការ​ប្រជែង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ ទាក់ទង​នឹង​បញ្ហា​តៃវ៉ាន់​វិញ យើងឃើញ​ថា នៅ​ក្រោយ​ពេល​ដែល​មាន​ដំណើរទស្សនកិច្ច​របស់​ប្រធានរដ្ឋសភា​អាមេរិក​នៅតៃវ៉ាន់ ចិន​បាន​​បើក​ធ្វើ​សមយុទ្ធ​ក្នុងទ្រង់ទ្រាយធំ​ និង​បាញ់គ្រាប់ពិត​អស់រយៈពេល​ជាច្រើន​ថ្ងៃ​ព័ទ្ធ​ជុំវិញ​កោះតៃវ៉ាន់ ដោយ​នៅ​ក្នុងនោះ ក៏​មាន​ការបាញ់មីស៊ីល​ផងដែរ ហើយ​មាន​មីស៊ីល​មួយចំនួន ត្រូវ​បាន​បាញ់​ចូល​ទៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ជប៉ុន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង រាលដាល​ទៅ​ដល់​ទំនាក់ទំនង​ រវាង​ចិន និង​ជប៉ុន។ នេះ​នៅមិនទាន់​គិតដល់​ផង ជម្លោះ​ដែនទឹក ដែល​មាន​ស្រាប់​ រវាង​ចិន និង​ជប៉ុន គឺ​ជម្លោះ​រ៉ាំរ៉ៃ​រាប់ទសវត្សរ៍​ជុំវិញ​ប្រជុំកោះ​ស៊ិនកាគូ (ដែល​ចិន​ហៅថា ទៀវយូ)។ ទាំងនេះ​សុទ្ធសឹង​តែ​ជាបញ្ហា​ប្រឈម​ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង រវាង​ចិន និង​ជប៉ុន ដែលជា​ប្រទេស​ត្រូវការគ្នា​ទៅវិញទៅមក មានផលប្រយោជន៍​ពី​គ្នា​ទៅវិញ​ទៅមក នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ក៏ប៉ុន្តែ ​តែងតែ​ជួបនឹង​ស្ថានភាព​តានតឹង​មិនចេះចប់មិនចេះហើយ នៅ​ក្នុង​វិស័យ​​ការទូត និង​នយោបាយ៕
    9/28/2022
    4:59
  • រុស្ស៊ី និងចិន ប្រឈម​ជាលើក​ដំបូង នឹង​សេចក្តី​សម្រេចចិត្ត​ថ្កោលទោស នៅ​ក្រុម​​ប្រឹក្សា​សិទ្ធិ​មនុស្ស
    ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ កំពុងតែត្រៀម បោះឆ្នោតលើ​គម្រោង​សេចក្តីសម្រេចចិត្តចំនួន២ ដែល​មានខ្លឹមសារថ្កោលទោស​ ចិន និង រុស្ស៊ី ស្តីអំពីការរំលោភសិទ្ធិមនុស្ស​។ ក្រុមប្រទេសលោកខាងលិច ដែលជាអ្នក​ផ្តួចផ្តើម​គំនិតធ្វើគម្រោងសេចក្តីសម្រេចចិត្តនេះ បានស្ទាក់ស្ទើរជាច្រើនខែមកហើយ ព្រោះខ្លាចក្រែងថា មិនអាច​ទទួលបាន​សំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ ពីសំណាក់ប្រទេសសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស​។​ តែយ៉ាងណា​ អង្គការ​សិទ្ធិមនុស្សធំៗ​ បាន​ដាក់សំពាធ ដើម្បី​ឲ្យ​​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ ត្រូវតែ​​ប្រើវិធានការច្បាប់អន្តរជាតិ ឈានទៅ​ថ្កោលទោសរុស្ស៊ី និងចិន​។ ជាលើកទី១ហើយ ដែលប្រទេស​មហាអំណាចធំៗ២ មានសិទ្ធិវ៉េតូ នៅក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ កំពុងប្រឈមនឹងការថ្កោលទោស នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស។ គម្រោងសេចក្តីសម្រេចចិត្ត២ ដែលមានខ្លឹមសារថ្កោលទោសចិន និង​រុស្ស៊ី ត្រូវបាន​ក្រុមប្រទេសលោកខាងលិច ផ្តួចផ្តើមតាក់តែង ដាក់ឲ្យប្រទេសសមាជិក​ទាំង​៤៧ នៃ​​ក្រុមប្រឹក្សាសិទ្ធិមនុស្ស បោះឆ្នោតទទួលយក។​ ក្រុមប្រទេសលោកខាងលិច បានស្ទាក់ស្ទើរជាច្រើនខែ ព្រោះខ្លាចក្រែងប្រមូលការគាំទ្រមិនបានគ្រប់។ ក៏ប៉ុន្តែទីបំផុត គឺក្រុមអង្គការសិទ្ធិមនុស្ស បាន​ដាក់សំពាធ​ រន្ធាន់ឲ្យ​ក្រុមប្រទេសលោកខាងលិច ត្រូវតែធ្វើចំណាត់ការអ្វីម្យ៉ាង។ កាលពី​សប្តាហ៍​កន្លងទៅ ក្រុមប្រទេស​សហភាពអឺរ៉ុប លើកលែងតែហុងគ្រី បានចុះហត្ថលេខា លើគម្រោងសេចក្តីសម្រេចចិត្តទី១ ដើម្បីស្នើឲ្យ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមានទីតាំងនៅក្រុងហ្សឺណែវ ត្រូវតែងតាំងអ្នករាយការណ៍​ពិសេសម្នាក់ ដែលនឹងមានតួនាទី​តាមដានការគោរពសិទ្ធិមនុស្សនៅរុស្ស៊ី សម្រាប់រយៈពេល​១ឆ្នាំ។ ជាសំណើដែលត្រូវបាន​ធ្វើឡើង នៅក្នុងបរិបទសង្គ្រាម​នៅអ៊ុយក្រែន ហើយ​ដែល​យោងតាម​អង្គការសិទ្ធិមនុស្សជាច្រើន គឺរដ្ឋាភិបាល​រុស្ស៊ីបាន​ប្រើកណ្តាប់ដៃ កៀបសង្កត់ រាល់សំឡេងរិះគន់ តវ៉ាប្រឆាំង នៅក្នុងស្រុក។​ នៅរុស្ស៊ី សកម្មជននយោបាយ អ្នកកាសែក​ ក៏ដូចជា​​បណ្តាញព័ត៌មាន​ឯករាជ្យ ដែលបានចេញមុខរិះគន់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន គឺត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន ចោទប្រកាន់ និង​បិទស្ថាប័នជាដើម។ តែយ៉ាងណាក៏ដោយ គម្រោងសេចក្តីសម្រេចចិត្ត របស់ក្រុមប្រទេសអឺរ៉ុបនេះ ត្រូវបាន​ភាគីរុស្ស៊ី បរិហារថាមាន​បង្កប់​ដោយ​​ចេតនានយោបាយ។ លោក Yaroslav Ermin លេខាទីមួយតំណាងអង្គទូតរុស្ស៊ីប្រចាំ​​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ បានចោទ​​​វាយបកទៅវិញថា ប្រជាជន​និយាយភាសារុស្ស៊ី ដែល​រស់​នៅតាមប្រទេសតំបន់សមុទ្រ​​បាល់ទិក បានរងនូវការរើសអើងប្រកាន់ពូជសាសន៍។ ដោយឡែក កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ គម្រោងសេចក្តីសម្រេចចិត្តមួយទៀត ត្រូវបាន​ផ្តួចផ្តើមឡើង ដោយ​​​សហរដ្ឋអាមេរិក អង់គ្លេស ន័រវេស កាណាដា ស៊ុយអែត​ ដាណឺម៉ាក ហ្វាំងឡង់ អ៊ីសឡង់ ដើម្បីទាមទារឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវតែជជែក​រឿងរំលោភសិទ្ធិមនុស្ស​នៅ​ខេត្តស៊ីនជាំង។ លោក John Fisher តំណាងអង្គការ Human Rights Watch បានលើកឡើងថា គម្រោងសេចក្តីសម្រេចចិត្តនេះ គឺជាការបោះជំហានតូចមួយ  តែមានសារៈសំខាន់ណាស់។ សម្រាប់​លោក គឺគ្មាន​ប្រទេសណាមួយ តូចក៏ដោយធំក៏ដោយ គឺមិនអាចយកច្បាប់​មកទ្រាប់អង្គុយបានទេ។ ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ដែលជាស្ថាប័ន​កំពូល ត្រូវតែមានកាតព្វកិច្ច យករឿងរំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ មកនិយាយ​​ជាអាទិភាព​។ សូមបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល​ ក្រុមប្រទេសលោកខាងលិច និង​​អង្គការក្រៅរដ្ឋាភិបាល​​ជាច្រើន ចោទ​ប្រកាន់​ចិន ថាបាន​ចាប់បង្ឃាំង​​ប្រជាជនអ៊ុយហ្កួរ ជាង​១លាននាក់ និង​ក្រុមសហគមន៍អ្នកកាន់សាសនា​អ៊ីស្លាម​ផ្សេងទៀតនៅខេត្តស៊ីនជាំង​ ​ដូចជាជនជាតិកាហ្សាក់ជាដើម។ ភស្តុតាង សក្ខីកម្ម និងឯកសារជាច្រើនត្រូវបានគេបង្ហាញ​ ដែលស​ឲ្យ​ឃើញ​នូវ​ចេតនា​របស់អំណាចកុម្មុយនីស្តចិន ដែលចង់បោសសំអាតជាតិសាសន៍ ទៅលើជនជាតិអ៊ុយហ្កួរនៅខេត្តស៊ីនជាំង។ កាលពីថ្ងៃទី​៣១សីហា ឧត្តមស្នងការសិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍មួយ ដោយ​បាន​លើកឡើងអំពីករណី “ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ” កើតមាន​នៅខេត្តស៊ីនជាំង ប្រទេសចិន ដោយផ្អែក​លើ​ភស្តុតាងដ៏គួរឲ្យទុកចិត្តជាច្រើន។ ក៏ប៉ុន្តែចិនបានច្រានចោលការចោទប្រកាន់ទាំងស្រុង និងបានចោទថាស្ថាប័នអង្គការសហប្រជាជាតិ កំពុងតែក្លាយ​ជាឧបករណ៍នយោបាយ​ របស់សហរដ្ឋអាមេរិក និង​ក្រុមប្រទេសលោកខាងលិចផ្សេងទៀត។ គួរកត់សំគាល់ថា ប៉ុន្មានសប្តាហ៍មកនេះ ចិនបានបង្កើនប្រតិបត្តិការការទូតយ៉ាងខ្លាំង នៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស ទីក្រុងហ្សឺណែវ ដើម្បីដាក់សំពាធ អូសទាញ ទិញទឹកចិត្តប្រទេសសមាជិកផ្សេងទៀត កុំឲ្យ​បោះឆ្នោតគាំទ្រ​គម្រោង​​សេច​ក្ដី​សម្រេចចិត្ត របស់​ក្រុមប្រទេសបស្ចឹមលោក។ មន្ត្រីចិនទទួលបន្ទុកព័ត៌មានខេត្តស៊ីនជាំង Xu Guixian បានប្រាប់អ្នកកាសែតនៅក្រុងហ្សឺណែវថា ចិនបានត្រៀមខ្លួនរួចហើយ​ដើម្បី​ប្រយុទ្ធយកឈ្នះ។ ដូចគ្នាដែរ នៅក្នុងពេលជជែកដេញដោល​ក្នុង​ក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃចន្ទ មន្ត្រីចិនតំណាងខេត្តស៊ីនជាំង លោក Shawkat Imin បាន​ចោទទៅក្រុមប្រទេសលោកខាងលិច ថាបានយកសំណុំរឿងសិទ្ធិមនុស្ស មកធ្វើជាលេស ដើម្បី​បង្កអស្ថិរភាពនៅខេត្តស៊ីនជាំងរបស់ចិន។ គួរបញ្ជាក់ដែរថា តាមការគ្រោងទុក ប្រទេសសមាជិកទាំង​៤៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នឹងត្រូវបោះឆ្នោត ទទួលយក ឬមិនទទួលយក គម្រោងសេចក្តីសម្រេចចិត្តទាំង២ របស់​ក្រុមប្រទេសលោកខាងលិច នៅថ្ងៃទី៦ ឬទី៧តុលាខាងមុខនេះ។ សម្រាប់ពេលនេះ លទ្ធផល​ជាក់ស្តែងយ៉ាងណាគ្មាននរណាអាចទាយ​បានទេ។ មានការបារម្ភថា គម្រោង​សេចក្តីសម្រេចចិត្តទាំង២នេះ ប្រហែលជាមិនអាច​ទទួលបាន សំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ ដើម្បីឈានទៅអនុម័តបាន​ទេ។ ដោយ​គ្មានអ្វីភ្ញាក់​ផ្អើល កាលពីថ្ងៃចន្ទ គុយបា និង វ៉េណាស៊ុយអេឡា បានប្រកាសគោលជំហរ គាំទ្រចិននិងរុស្ស៊ី ហើយប្រឆាំងដាច់ខាតចំពោះការលូកដៃរបស់​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ ចូលទៅក្នុងកិច្ចការផ្ទៃក្នុង​របស់​ប្រទេសនីមួយ​ៗ។ ប្រទេសមួយចំនួន​ទៀត ដូចជាប៉ាគីស្ថានជាដើម ក៏បាន​គាំទ្រចិនដែរ ដោយលើកឡើងថា សំណុំរឿងខេត្តស៊ីនជាំង វាគឺជាកិច្ចការផ្ទៃក្នុងរបស់​ចិន។ ដោយ​ឡែក សម្រាប់​​ប្រទេសអាហ្វ្រិកទាំង១៣ប្រទេស ដែលជាសមាជិក​ក្រុមប្រឹក្សាសិទ្ធិមនុស្សវិញ​ យោងតាមការវិភាគមួយកាលពីសប្តាហ៍​កន្លងទៅ ដោយ​ក្រុមការងារការពារសិទ្ធិមនុស្ស គឺមាន​​​ប្រទេសអាហ្វ្រិក​កាន់តែច្រើន ដែល​បាន​ចុះចាញ់ ការដាក់សំពាធរបស់ចិន។ ចិនគឺជាអ្នកវិនិយោគធំជាង​គេនៅអាហ្វ្រិក  មិនថាក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឬវិស័យ​ជីកគាស់ធនធានធម្មជាតិ។ ចិនជាអ្នកវិនិយោគធំ ហើយ​ក៏ជា​ម្ចាស់បំណុលធំផងដែរ នៅអាហ្វ្រិក៕
    9/27/2022
    5:37

Acerca de ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Sitio web de la emisora

Escucha ទស្សនៈព្រឹត្តិការណ៍ពិភពលោក, ភ្ញៀវប្រចាំថ្ងៃ y muchas más emisoras de todo el mundo con la aplicación de radio.es

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Descarga la aplicación gratis y escucha radio y podcast como nunca antes.

Tienda de Google PlayApp Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោក: Podcasts del grupo

ទស្សនៈព្រឹត្តិការណ៍ពិភពលោក: Radios del grupo